នាល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ពិធីបើកកម្មវិធី រីករាយឆ្នាំថ្មី ប្រពៃណីចិន ២០២៦ អមជាមួយនឹងការសម្តែងសិល្បៈរួមគ្នា រវាងកម្ពុជា និងចិន ត្រូវបានរៀបចំឡើង នៅសាលមហោស្រពចតុមុខ រាជធានីភ្នំពេញ។


កម្មវិធីនេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ឯកឧត្តម JIANG Nan ភារធារី នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា, ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ព្រមទាំង មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល, ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ ចូលរួមយ៉ាងច្រើនកុះករ។

ឯកឧត្តម JIANG Nan មានប្រសាសន៍ថា ចូលឆ្នាំចិន គឺជាពិធីបុណ្យប្រពៃណីដ៏សំខាន់មួយរបស់ប្រជាជនចិន ហើយ ក៏ទទួលបានការសាទរ នៅប្រទេសកម្ពុជា ដែលការណ៍នេះ បង្ហាញពីកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន។ ការសម្តែងសិល្បៈ នាពេលនេះ គឺជាកាដូ អនុស្សវរីយ៍មួយ ដែលភាគីចិនផ្ញើជូនដល់កម្ពុជា ចំពោះការអបអរសាទរ បុណ្យចូលឆ្នាំថ្មីចិន ហើយ ជឿជាក់ថា វិស័យវប្បធម៌ អាចជ្រាបចូលដល់បេះដូង របស់ប្រជាជនទាំងពីរ, បង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងគ្រប់វិស័យ ប្រកបដោយទំនុកចិត្ត យោគយល់គ្នា ព្រមទាំង ធ្វើឲ្យទំនាក់ទំនងកម្ពុជានិងចិន លេចចេញនូវផ្លែផ្កា កាន់តែច្រើន រួមចំណែក ក្នុងការកសាងសហគមន៍ជោគវាសនារួម រវាងប្រទេសទាំងពីរ ក្នុងយុគសម័យថ្មី គ្រប់រដូវកាល។

លោកជំទាវ ភឿង សកុណា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយ នៃការអនុវត្តកិច្ចសហប្រតិបត្តិការ ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ រវាងរដ្ឋាភិបាលប្រទេសទាំងពីរ ជាពិសេស លើវិស័យវប្បធម៌។ ការសម្តែងសិល្បៈ ពីភាគីចិន បានចូលរួមចំណែក ក្នុងការចែករំលែកការផ្លាស់ប្តូរចំណេះដឹង, ការសិក្សាស្វែងយល់ អំពីប្រពៃណី វប្បធម៌ និងអរិយធម៌ដ៏យូរលង់របស់ប្រទេសចិន ជូនដល់ប្រជាជនកម្ពុជា។


ការសម្តែងពិសេស នៃ ក្រុមល្ខោនចិន Zhejiang Wuju ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីគណៈអធិបតី និង ភ្ញៀវកិត្តិយស ដែលបានចូលរួមទស្សនា ផ្ទាល់។ តាមគម្រោង ការសម្តែងនេះ ត្រូវបន្តរៀបចំ មួយថ្ងៃទៀត គឺ ថ្ងៃទី៧ ខែកុម្ភៈ៕

ប្រភពរូបភាព៖ ទីភ្នាក់ងារព័ត៌មាន Aseantop

东盟头条APP移动端
APP下载
移动wap端浏览
评论0文明上网理性发言,请遵守《新闻评论服务协议》