
នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នាទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបជាមួយប្រតិភូដឹកនាំដោយលោក Leung Kwan Ho នាយកប្រចាំតំបន់អាស៊ីអាគ្នេយន៍ នៃការិយាល័យពាណិជ្ជកម្មប្រចាំនៅតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន (Hong Kong Trade Development Council-HKTDC) ក្នុងឱកាសមកបំពេញទស្សនកិច្ចផ្លូវការ ដើម្បីពិភាក្សា និងស្វែងរកឱកាសកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល និងសុខភាពសាធារណៈ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសជំនួបនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់អំពីស្ថានភាព និងទិសដៅអភិវឌ្ឍវិស័យសុខាភិបាល ព្រមទាំងកិច្ចពិភាក្សាពីលទ្ធភាពពង្រឹងការផ្លាស់ប្ដូរអត្ថប្រយោជន៍ ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្ស ការផ្លាស់ប្តូរបទពិសោធន៍ ជំនាញ និងចំណេះដឹងបច្ចេកទេស ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការឆ្លើយតបទៅនឹងបញ្ហាសុខភាពសាធារណៈ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការចាប់អារម្មណ៍ និងគោលបំណងសហការរបស់ភាគីហុងកុង ក្នុងការពង្រឹងទំនាក់ទំនងជាមួយកម្ពុជា ហើយបានបញ្ជាក់ពីជំហររបស់ក្រសួងសុខាភិបាល ពីការប្ដេជ្ញាចិត្ត ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល តាមរយៈការបន្តពង្រឹងសេវាសុខភាពបឋមនៅតំបន់ដាច់ស្រយាល ពង្រឹងការធ្វើអភិបាលកិច្ច ពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល និងភាពជាអ្នកដឹកនាំ ដើម្បីឈានឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ការកែលម្អគុណភាព និងប្រសិទ្ធភាពសេវាសុខាភិបាល ជូនប្រជាពលរដ្ឋកម្ពុជា។
ភាគីតំណាង Hong Kong Trade Development Council បានបង្ហាញពីសក្ដានុពល បទពិសោធន៍ និងតួនាទីរបស់ហុងកុង ក្នុងការគាំទ្រដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសក្នុងការតភ្ជាប់ដៃគូ ការផ្លាស់ប្តូរបច្ចេកទេស និងការស្វែងរកឱកាសសហការថ្មីៗ ដែលអាចរួមចំណែកដល់ការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។
ជំនួបនេះត្រូវបានចាត់ទុកថា ជាជំហានដ៏មានសារៈសំខាន់ ក្នុងការពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងហុងកុង ក្នុងវិស័យសុខាភិបាល និងសុខភាពសាធារណៈ ស្របតាមទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ប្រភពរូបភាព៖ទូរទស្សន៍ជាតិកម្ពុជា

东盟头条APP移动端
APP下载
移动wap端浏览
评论0文明上网理性发言,请遵守《新闻评论服务协议》